ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពនីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌលភូមិភាគទី៥ នៅខេត្តតាកែវ
ភ្នំពេញ៖ នាព្រឹកសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ចំនួន ៣ស្រុក៖ ស្រុកបាទី ស្រុកព្រៃកប្បាស និងស្រុកអង្គបូរី ក្នុងពិធីបិទឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៥ មណ្ឌលភូមិភាគទី៥ នៅការិយាល័យគណបក្សស្រុកបាទី ខេត្តតាកែវ។
ពិធីនេះក៏អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត គី តិច អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី និងឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម យស ណាស៊ី ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋាន ស្រុក ក្រុង ឃុំ សង្កាត់ និងអង្គបោះឆ្នោត ចូលរួមច្រើនកុះករផងដែរ។
ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ ខណៈនៅថ្ងៃទី២៤ ខែកុម្ភៈស្អែកនេះ ជាថ្ងៃស ដែលតម្រូវឲ្យបណ្ដាគ្រប់គណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ញាត់។
យោងតាមការជូនដំណឹងជាប្រចាំថ្ងៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតទាំង ៣៣ ចំណុះឲ្យភូមិភាគទាំង៨ ៕