ឯកឧត្តម សុខ ពុទ្ធិវុធ អំពាវនាវដល់អង្គបោះឆ្នោតសមាជិកព្រឹទ្ធសភា ទៅចូលរួមបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សម្រាប់មណ្ឌលភូមិភាគទី៥ ក្នុងស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៧៧រូប នៃឃុំទាំ១៤ ក្នុងដំណែងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកទ្រាំង សូមនាំគ្នាទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សុខ ពុទ្ធិវុធ បានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សម្រាប់គណបក្សប្រជាជនកម្ពុជា បេក្ខភាពប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំ ឲ្យមានសុខសន្ដិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះនៅពេលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតមានន័យថាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងក្លាយជាប្រធានព្រឹទ្ធសភា ហើយព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តកិច្ចខឹតខំប្រឹងប្រែងការពារ បំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ក៏បានមានប្រសាសន៍ណែនាំដល់ ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទាំងអស់ត្រូវត្រៀមឯកសារមួយចំនួនដែលមានសុពលភាព ឬប័ណ្ណសម្គាល់ខ្លួនជាក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីអាចបំរើអោយការបោះឆ្នោតបាន និងជៀសវាងការខកខាន ឬភ្លេចយកឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួននៅថ្ងៃបោះឆ្នោត ៕