ឯកឧត្តម កើត រិទ្ធ ក្រើនរំលឹកឲ្យអង្គបោះឆ្នោត យកចិត្តទុកដាក់ថែរក្សាសុខភាព និងត្រូវត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ចូលរួមបោះឆ្នោត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ (ភូមិភាគ៤) នៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានក្រើនរំលឹកទៅកាន់អង្គបោះឆ្នោតទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន និងត្រូវត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ចូលរួមក្នុងដំណើរការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តមអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៅទូទាំងខេត្តបាត់ដំបង សូមនាំគ្នាទៅបោះឆ្នោតដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលំដាប់លេខរៀងទី១នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងពិធីនោះដែរឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានឱ្យដឹងថា ចំនួនសមាជិកអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប ៦៨៤នាក់ ក្នុងនោះអង្គបោះឆ្នោតជាអ្នកតំណាងរាស្រ្ត ចំនួន ៨នាក់និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ស្ថិតក្នុងមុខតំណែង ៦៧៦នាក់ ហើយអង្គបោះឆ្នោតទាំងអស់ក៏បានចុះឈ្មោះបោះឆ្នោតរួចរាល់ និងមានឯកសារគ្រប់គ្រាន់ សម្រាប់បម្រើដល់ការបោះឆ្នោតផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន ៨៣១នាក់ ក្នុងនោះអ្នកបោះឆ្នោតជាអ្នកតំណាងរាស្រ្តក្នុងមុខតំណែង មានចំនួន ៨រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្ថិតក្នុងមុខតំណែងមានចំនួន ៨២៣រូប ការិយាល័យបោះឆ្នោតមានចំនួន ២ការិយាល័យ នៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុង-ខេត្តបាត់ដំបង។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល ៕