ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោង CAISAR ជាមួយដៃគូអភិវឌ្ឍន៍
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយសហការីជាតិនិងអន្តរជាតិ និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំការប្រជុំបូកសរុបលើវឌ្ឍនភាពគម្រោងធារាសាស្រ្តធន់នឹងអាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR) ជាមួយបណ្តាដៃគូអភិវឌ្ឍន៍។
សូមជម្រាបថា គម្រោង CAISAR បានទទួលហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) សហហិរញ្ញប្បទានពីមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍវិស័យកសិកម្ម(IFAD) ពីមូលនិធិបៃតងពិភពលោក(GCF) និងពីអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO)។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីចម្ងាយ ពីសំណាក់តំណាងជាន់ខ្ពស់ នៃទីស្នាក់ការកណ្តាលរបស់ស្ថាប័នហិរញ្ញប្បទានទាំង៤ តាមរយៈប្រព័ន្ធវីដេអូផងដែរ បើទោះបីជាម៉ោងពេលនៃបណ្តាប្រទេសទាំងនោះ ពេលមានការខុសគ្នាឆ្ងាយក៏ដោយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថាគម្រោងដ៏សំខាន់នេះនឹងចូលរួមចំណែកយ៉ាងសកម្មបំផុតក្នុងការកាត់បន្ថយនូវហានិភ័យធម្មជាតិគ្រប់ប្រភេទដូចជា គ្រោះទឹកជំនន់នៅរដូវវស្សានិងគ្រោះរាំងស្ងួតដែលតែងតែកើតមាននៅរដូវប្រាំង ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ៕