ឯកឧត្តម មាស សុភា អញ្ជើញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តព្រះវិហារ ក៏បានអញ្ជើញមកចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ (ការិយាល័យលេខ៨០០៤) ស្ថិតនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ស្ថិតក្នុងភូមិសាស្ដ្រទីប្រជុំជនក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន០៤ បានចូលរួមប្រកួតប្រជែង រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សឆន្ទ:ខ្មែរ, ៣.គណបក្សហ៊្វុនស៊ីនប៉ិច និងទី៤.គណបក្សកម្លាំងជាតិ។
សូមបញ្ជាក់ជូនថា អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង រួមនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង (តំណាងប្រជាពលរដ្ឋ)។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋ គឺពុំត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតនោះឡើយ ពោលការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ដ្រក្នុងតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕