លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តបន្ទាយមានជ័យ, គណបក្សប្រជាជន ទទួលបាន ៤៦៦សំឡេង
ភ្នំពេញ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦៦សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន៦៩សំឡេង និងគណបក្សកំលាំងជាតិ ទទួលបាន៤សម្លេង។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ។
នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោត ដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។
សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប ៕