កាណាដា សន្យានឹងផ្តល់ជំនួយ ២.២ពាន់លានដុល្លារ ដល់អ៊ុយក្រែន នៅក្នុងឆ្នាំនេះ
បរទេស៖ ប្រទេសកាណាដាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាចំនួន ៣.០២ពាន់លានដុល្លារកាណាដា (២.២ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv ក្នុងខួបលើកទី២នៃសង្គ្រាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងឈរជាមួយអ៊ុយក្រែនជាមួយនឹងអ្វីដែលវាត្រូវការ ដរាបណាវាត្រូវការ។
លោក Zelensky បានឲ្យដឹងថា ទីក្រុង Kyiv ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ផងដែរ។ លោក Zelensky បានបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះបានកើតឡើងជាមួយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ការិយាល័យរបស់លោក Trudeau បានឲ្យដឹងថា កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំរវាងទីក្រុង Ottawa និង Kyiv ដោយគូសបញ្ជាក់ពីគន្លឹះ ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងសម្រាប់កាណាដា ដើម្បីបន្តគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជនរបស់ខ្លួន និងកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់អនាគត។
ឯកសារនេះរួមបញ្ចូលទាំងការសន្យាផ្តល់មូលនិធិ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ ប៉ុន្តែមិនមែនជាកតិកាសញ្ញាការពារជាតិ ឬការធានានៃការការពារយោធានោះទេ។
ទីក្រុង Kyiv បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការបង្ហាញដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់បស្ចិមប្រទេស ខណៈដែលធនធានរបស់ខ្លួនត្រូវបានលាតសន្ធឹង ហើយរុស្ស៊ីកំពុងទទួលបានផលចំណេញលើកដំបូងរបស់ខ្លួននៅលើសមរភូមិក្នុងរយៈពេលជិតមួយឆ្នាំ។
អ៊ុយក្រែន ពឹងផ្អែកលើជំនួយយោធារាប់សិបពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ រ៉ុក្កែត និងឧបករណ៍ផ្សេងៗទៀត។
ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅទីក្រុង Kyiv ក៏បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការទូទាត់លើកដំបូងក្រោមកម្មវិធីជំនួយថ្មី ៥០ពាន់លានអឺរ៉ូ (៥៤.២ពាន់លានដុល្លារ) EU សម្រាប់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ៤.៥ពាន់លានអឺរ៉ូ (៤.៩ពាន់លានដុល្លារ) នឹងត្រូវបានបញ្ចេញនៅក្នុងខែមីនា។
ប៉ុន្តែនៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី៣ របស់វា នៅតែមិនមានសញ្ញានៃវឌ្ឍនភាពលើលំហូរមូលនិធិដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។
ប្រភព៖ Barron
ប្រែសម្រួលដោយ៖ ឡាយ លីហួ