មេដឹកនាំ G៧ ប្តេជ្ញាគាំទ្រអ៊ុយក្រែន ក្នុងខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី
បរទេស៖ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរបានសន្យាបន្តការគាំទ្រមិនរាថយ សម្រាប់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ខណៈដែលប្រទេសនេះបានប្រារព្ធខួបលើកទី២ នៃការឈ្លានពានរបស់រុស្ស៊ី ដោយប្តេជ្ញាបន្តដាក់សម្ពាធលើទីក្រុងម៉ូស្គូ និងស្តីបន្ទោសប្រតិបត្តិការអាវុធរបស់ខ្លួនជាមួយកូរ៉េខាងជើង។
មេដឹកនាំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញបន្ទាប់ពីសន្និសីទវីដេអូរបស់ពួកគេដែលរៀបចំដោយប្រធានបង្វិលរបស់ក្រុមអ៊ីតាលីថា នៅពេលដែលអ៊ុយក្រែនចូលដល់ឆ្នាំទី៣ នៃសង្រ្គាមឥតឈប់ឈរនេះ រដ្ឋាភិបាល និងប្រជាជនរបស់ខ្លួនអាចពឹងផ្អែកលើការគាំទ្ររបស់ G៧ ឱ្យបានយូរតាមដែលវាត្រូវការ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានអំពាវនាវឱ្យមានការរួបរួមក្នុងចំណោមសមាជិក G៧ ក្នុងការបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងស្វែងរកការនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន ខណៈពេលដែលរិះគន់កូរ៉េខាងជើងចំពោះការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់ទីក្រុងម៉ូស្គូ នេះបើយោងតាមក្រសួងការបរទេសជប៉ុន។
លោក Kishida ត្រូវបានដកស្រង់សម្តីដោយបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការប្រើប្រាស់របស់រុស្ស៊ីចំពោះមីស៊ីលផ្លោងរបស់កូរ៉េខាងជើងនៅអ៊ុយក្រែនគឺមិនអាចទទួលយកបានទាំងស្រុង។ លោក Kishida ត្រូវបានដកស្រង់សម្តីដោយបានគូសបញ្ជាក់ថា ការផ្ទេរអាវុធកូរ៉េខាងជើងទៅឱ្យរុស្ស៊ីគឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ការជួបជុំនេះជាលើកដំបូងក្នុងចំណោមមេដឹកនាំ G៧ ចាប់តាំងពីប្រទេសអ៊ីតាលីឡើងកាន់តំណែងជាប្រធាន G៧ ឆ្នាំនេះ។ G៧ រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ដោយគ្មានទីបញ្ចប់នៅក្នុងសង្រ្គាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ អ៊ុយក្រែនកំពុងប្រឈមមុខនឹងការព្រួយបារម្ភអំពីការចុះខ្សោយនៃការគាំទ្ររបស់លោកខាងលិច ជាពិសេសជំនួយបន្ថែមពីសហរដ្ឋអាមេរិក ចំពេលមានជម្លោះនយោបាយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចូលរួមកិច្ចប្រជុំនិម្មិតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni និងមេដឹកនាំមួយចំនួនទៀតដែលបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រទេសដែលហែកហួរដោយសង្រ្គាម។
លោក Zelenskyy បានប្រាប់សមភាគី G៧ ថាលោកមានទំនុកចិត្តថានៅឆ្នាំនេះពួកគេនឹងមិនគ្រាន់តែអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានឈានដល់រួចហើយប៉ុណ្ណោះទេប៉ុន្តែថែមទាំងបន្ថែមលើកិច្ចសហប្រតិបត្តិការរបស់យើងផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ G៧ មេដឹកនាំបានអំពាវនាវឱ្យរុស្ស៊ី ដកកងកម្លាំងយោធារបស់ខ្លួនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ចេញពីអ៊ុយក្រែន ហើយបានប្តេជ្ញាអនុម័ត វិធានការថ្មីតាមការចាំបាច់ ដើម្បីដាក់ទណ្ឌកម្មក្រុងម៉ូស្គូ។
ពួកគេក៏បានឲ្យដឹងផងដែរថា ពួកគេនឹងដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសទីបី ដែលជួយរុស្ស៊ីទទួលបានអាវុធ ហើយបានទាមទារឱ្យកូរ៉េខាងជើង និងរុស្ស៊ី បញ្ឈប់ជាបន្ទាន់ការនាំចេញ និងលទ្ធកម្មមីស៊ីល។
ពួកគេក៏បានសម្តែងការព្រួយបារម្ភអំពីការផ្ទេរទៅរុស្ស៊ីពីអាជីវកម្មនៅក្នុងប្រទេសចិននៃសមាសធាតុសព្វាវុធ។
លើលោក Alexei Navalny សកម្មជនប្រឆាំងរុស្ស៊ី និងជាអ្នករិះគន់ដ៏លេចធ្លោរបស់ប្រធានាធិបតី Vladimir Putin ដែលទើបស្លាប់នៅក្នុងគុកក្នុងតំបន់អាក់ទិក G៧ បានជំរុញឱ្យរដ្ឋាភិបាលរុស្ស៊ី បញ្ជាក់ឱ្យបានពេញលេញអំពីកាលៈទេសៈជុំវិញការស្លាប់របស់គាត់។
ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិច ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក៏បានថ្កោលទោសលោក Putin ថាទទួលខុសត្រូវ ចំពោះការស្លាប់របស់សកម្មជនអាយុ ៤៧ឆ្នាំផងដែរ។
ប្រភព៖ Kyodo News
ប្រែសម្រួលដោយ៖ ឡាយ លីហួ