សម្តេចធិបតី៖ ផ្លែផ្កានៃសុខសន្តិភាពធ្វើឱ្យវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន ដែលប្រារព្ធនៅវិមានសន្តិភាព នៅរសៀលថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកផងដែរថា កាលពីអតីតកាល យើងបានត្រឹមតែមើលទូរទស្សន៍ ហើយយើងក៏មិនមានឱកាសក្នុងការចូលរួមប្រកួតជាមួយគេផង កុំថាឡើយការទទួលបានមេដាយ។ ប៉ុន្តែពេលនេះ គឺកម្ពុជាយើង បានចូលរួមប្រកួតនៅក្រៅប្រទេស ហើយទទួលលទ្ធផលល្អប្រសើរ ដែលចំណុចនេះហើយគឺបានមកពីផ្លែផ្កានៃសុខសន្តិភាព ៕