សម្តេចធិបតី លើកទឹកចិត្តកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីដណ្តើមមេដាយ និងជ័យជម្នះជូនជាតិមាតុភូមិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយឈរលើស្មារតីគាំទ្រជាច្រើន សង្ឃឹមថា កីឡាករ កីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ដោយធ្វើការហ្វឹកហាត់បង្កើនសមត្ថភាព និងត្រៀមខ្លួន ក្នុងការប្រកួតក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ត្រូវបន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនីលើស្មារតី ថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន ឱ្យរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការប្រកួតថ្នាក់ជាតិ ដោយធ្វើការអភិវឌ្ឍសមត្ថភាពបន្ថែម ឱ្យកាន់តែពូកែដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត ៕