ប្រមុខការទូតកម្ពុជា ណែនាំឱ្យកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ ខិតខំជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន លោក Susumu Tai កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកកុងស៊ុលកិត្តិយស ចំពោះការបរិច្ចាគទាំងពេលវេលា និងធនធាន ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំឱ្យខិតខំជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត ជាពិសេសការចាប់យកឱកាសនៃការធ្វើវិនិយោគនៅកម្ពុជាឱ្យបានកាន់តែឆាប់រហ័ស ៕