ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅម៉ាឡេស៊ី ជាដំណើរទស្សនកិច្ចរយៈពេលខ្លី សកម្ម និងមមាញឹក
ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ជាដំណើរទស្សនកិច្ចរយៈពេលខ្លី សកម្ម និងមមាញឹក ដូចទៅនឹងប្រទេសថៃដែរ។
សូមជម្រាបថា ម៉ាឡេស៊ី ជាប្រទេសទី៣ ក្នុងចំណោមសមាជិកអាស៊ាន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសថៃ ក្រោយពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់សរ តាន់ បានបញ្ជាក់ដូច្នេះថា៖ ទស្សនកិច្ចនៅម៉ាឡេស៊ីរបស់សម្តេចធិបតី ជាទស្សនកិច្ចខ្លី សកម្ម និងមមាញឹក ស្រដៀងគ្នាទៅនឹងទស្សនកិច្ចនៅថៃ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានបញ្ហាអំពីជំនួបរវាងសម្តេចធិ បតី និងឥស្សរជនសំខាន់ៗរបស់ម៉ាឡេស៊ី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញផ្លែផ្កា នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងនយោបាយជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ក៏បានរំលឹកផងដែរអំពីជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើឡើងចំនួន៣ដងមកហើយ បូករួមទាំងទស្សនកិច្ចនៅម៉ាឡេស៊ី នាពេលនេះ ៕