កម្ពុជា-ម៉ាឡេស៊ី ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានឆបោកតាមអ៊ីនធើណិត
ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី ផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានឆបោកតាមអ៊ីនធើណិត។
ការថ្លែងរបស់ឯកឧត្ដមបែបនេះបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកឧត្ដម ហ្សង់ ហ្វ្រង់សរ តាន់ បានឲ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញឯកឧត្ដម អានវ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត។ ឆ្លើយតបនិងការអញ្ជើញនេះ ឯកឧត្ដម អានវ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា លោកនឹងពិនិត្យមើលលទ្ធភាពឲ្យសមស្របនិងពេលវេលា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៅឡើយទេ។
សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី រយៈពេលពេញមួយថ្ងៃ ស្របតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម និងបានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំដដែល៕