អាមេរិកក្នុងចំណោមសម្ព័ន្ធមិត្តណាតូមួយចំនួនដែលច្រានចោលការបញ្ជូនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន
អាមេរិក៖ សេតវិមានបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនទាហានទៅប្រយុទ្ធនៅអ៊ុយក្រែនទេ។ អាល្លឺម៉ង់ អង់គ្លេស អេស្បាញ ប៉ូឡូញ និងសាធារណៈរដ្ឋឆេក បានឃ្លាតឆ្ងាយពីការលើកឡើងណាមួយដែលពួកគេអាចនឹងដាក់ពង្រាយទ័ពជើងគោកទៅនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
ការអត្ថាធិប្បាយពីសេតវិមានបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនព្រមបដិសេធការបញ្ជូនកងកម្លាំងរបស់លោកខាងលិច។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Adrienne Watson បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ច្បាស់ណាស់ថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនទេ។
លោក Watson បានបន្ថែមថា លោក Biden ជឿជាក់ថា ផ្លូវទៅកាន់ជ័យជំនះ គឺសម្រាប់សភាដើម្បីអនុម័តជំនួយយោធាដែលត្រូវបានរារាំង ដូច្នេះទាហានអ៊ុយក្រែនមានអាវុធ និងគ្រាប់រំសេវដែលពួកគេត្រូវការដើម្បីការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅពេលត្រូវបានសួរអំពីដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានរំលឹកឡើងវិញនូវអ្វីដែលលោក Watson បានបញ្ជាក់។
នៅក្នុងការអភិវឌ្ឍន៍ចុងក្រោយ ទាំងសេតវិមាន និងក្រសួងការបរទេសបានឲ្យដឹងថា អាទិភាពគឺសម្រាប់សភាក្នុងការអនុម័តជំនួយយោធាថ្មីដល់អ៊ុយក្រែន។
លោក Miller បានបន្តថា ជាមូលដ្ឋាន យើងគិតថាផ្លូវឆ្ពោះទៅរកជ័យជំនះសម្រាប់អ៊ុយក្រែននាពេលនេះគឺស្ថិតនៅក្នុងសភាតំណាងសហរដ្ឋអាមេរិក។
ប្រធានសភាលោក Mike Johnson ដែលជាអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump និងជាមេដឹកនាំនៃគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើនបានបដិសេធមិនអនុញ្ញាតឱ្យមានការបោះឆ្នោតលើសំណើរបស់លោក Biden សម្រាប់ទឹកប្រាក់ប្រមាណ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។
ឆ្លើយតបទៅនឹងជំហររបស់លោក Macron មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានប្រាប់ AFP កាលពីថ្ងៃអង្គារថា ប្រធានាធិបតីបារាំងបានបញ្ជូនសញ្ញាដ៏ល្អមួយ ដោយមិនបដិសេធការដាក់ពង្រាយកងទ័ពលោកខាងលិចនៅលើដីក្នុងប្រទេសអ៊ុយក្រែន។
ជំនួយការប្រធានាធិបតី Mykhailo Podolyak បានឲ្យដឹងថា ឥឡូវនេះលោក Macron កំពុងបង្ហាញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីហានិភ័យដែលបង្កឡើងចំពោះអឺរ៉ុបដោយសង្រ្គាមនៅអ៊ុយក្រែន។
ខណៈពេលដែលការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអ៊ុយក្រែនគ្រាន់តែជាការពិភាក្សា នៅក្នុងដំណាក់កាលនេះ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងបានធ្វើឱ្យការពិភាក្សាទៅកម្រិតមួយផ្សេងទៀតយ៉ាងច្បាស់។
ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងបានព្រមានថា ការប្រឈមមុខដាក់គ្នាជាមួយអង្គការណាតូគឺជៀសមិនរួច ប្រសិនបើសម្ព័ន្ធភាពនេះដាក់ពង្រាយកងទ័ពទៅក្នុងជម្លោះ ដែលជាជំហានដ៏សំខាន់មួយ ដែលលោកខាងលិចបានជៀសវាងរហូតមកដល់ពេលនេះ។
ប្រភព៖ WION
ប្រែសម្រួលដោយ៖ ឡាយ លីហួ