អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញ៖ ព្រឹទ្ធសភា ជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា ព្រឹទ្ធសភា គឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានថ្លែងដូច្នេះ ក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារស វិមានរដ្ឋចំការមន។ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានដឹកនាំកិច្ចប្រជុំណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីត្រៀមលក្ខណៈជាសេនាធិការជូនក្រុមប្រឹក្សាធម្មនុញ្ញក្នុងការអនុវត្តសមត្ថកិច្ចដោះស្រាយវិវាទកម្មបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងដំណាក់កាលនៃការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នាពេលខាងមុខនេះ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន។
ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងថា ថ្វីត្បិតតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល តែមានសារៈសំខាន់ធំធេងណាស់សម្រាប់ជាតិ។
ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមចំណែកធានាឱ្យមាននូវសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភាគឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន។
ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចដោះស្រាយចុងក្រោយក្នុងវិវាទកម្មពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ហេតុដូច្នេះ ការត្រៀមពង្រឹងភាពជាម្ចាស់ការក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងនាមជាសេនាធិការជូនក្រុមប្រឹក្សាធម្មនុញ្ញ គឺជាភាពចាំបាច់ ដើម្បីរក្សាបាននូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ៕