មហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ គ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា នៅខេត្តសៀមរាប
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
យោងតាមក្រសួងទេសចរណ៍បានបញ្ជាក់ថា មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះ ជាការចូលរួមចំណែកយ៉ាងធំក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាប៕