រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលាត្រួតពិនិត្យផែនការការងារកិច្ចការលទ្ធកម្មនៃគម្រោងគ្រប់គ្រងវិស័យធនធានទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងាររបស់ក្រសួងគ្រប់លំដាប់ថ្នាក់ និងដោយមានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំអង្គសិក្ខាសាលាត្រួតពិនិត្យផែនការការងារកិច្ចការលទ្ធកម្មនៃគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយសមាហរណកម្មវិធានការ IWRM។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ពីក្រុមទីប្រឹក្សាជាតិ និងអន្តរជាតិប្រចាំក្រសួងទាំងពីរ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកគម្រោងIWRM ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងតាមប្រព័ន្ធវីដេអូផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ឱ្យដឹងថា ក្រសួងទាំងពីរ និងស្ថាប័នហិរញ្ញប្បទានដែលពាក់ព័ន្ធទាំងអស់របស់គម្រោងIWRM នឹងចាប់អនុវត្តសកម្មភាពគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹក ដើម្បីកាត់បន្ថយនូវជំនន់ និងគ្រោះរាំងស្ងួតនៅលើទឹកដីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងមុនគេ ដោយមិនឱ្យលើសពីខែមិថុនាឆ្នាំនេះ ក្រោយពីដំណើរបេសកកម្មចុងក្រោយសម្រាប់ធ្វើការត្រួតពិនិត្យគម្រោងរបស់ក្រុមដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់នៅសប្តាហ៍ក្រោយ និងក្រោយពិធីចុះហត្ថលេខារួមគ្នានាពេលដ៏ខ្លីខាងមុខលើកិច្ចព្រមព្រៀងអនុស្សរណៈអនុវត្តគម្រោងរួចមក ៕