ឯកឧត្ដម ស្វាយ សំអ៊ាង៖ សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិក «អរគុណសន្តិភាព» និងស្ថាបនិកសន្តិភាព
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាបនិកពាក្យអរគុណសន្តិភាព និងក៏ជាស្ថាបនិកសន្តិភាព ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា អរគុណសន្តិភាព! ពាក្យនេះត្រូវបានសាទរយ៉ាងឱឡារិកដោយប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាជននានានៅលើសកលលោក ហើយជាពិសេសនៅឆ្នាំ២០២៣នេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានដាក់ចេញនូវពាក្យមួយគឺ «របៀបវារៈថ្មីសម្រាប់សន្តិភាព» (New Agenda for Peace) ដោយបង្ហាញពីចក្ខុវិស័យពាក់ព័ន្ធនឹងរបៀបដែលសហគមន៍អន្តរជាតិអាចទប់ស្កាត់ជម្លោះ និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវនិរន្តរភាពនៃសន្តិភាព នៅពេលដែលពិភពលោកកំពុងតែជួបប្រទះវិបត្តិច្រំដែល និងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។
ឯកឧត្ដមអភិបាលខេត្ត គូសបញ្ជាក់ថា កត្តាទាំងនេះ សបញ្ជាក់ឲ្យឃើញនូវតម្លៃសន្តិភាពដែលយើងកំពុងមាន និងដែលកម្ពុជារកបានដោយកំរ តាមរយៈការលះបង់ដ៏ធំធេង និងច្រើនឥតគណនា។ ផ្ទុយទៅវិញជនអគតិមួយចំនួន ឬអ្នកដែលមិនបានឆ្លងកាត់មហាវិនាសកម្មនាសតវត្សរ៍ទី២០នៅកម្ពុជា បែរជាមិនគាំទ្រ និងរិះគន់ថាតើត្រូវអរគុណសន្តិភាពអីទៀត បើកម្ពុជាមានសន្តិភាពជាច្រើនឆ្នាំមកហើយ តាំងពីចុងឆ្នាំ១៩៩៨។ ការលើកឡើងបែបនេះ មិនខុសពីពាក្យចាស់ពោលថាបើស្រលាញ់ផឹកទឹកទន្លេក៏ផ្អែម ហើយបើស្អប់ស៊ីអំពៅក៏
ជូរ។
លើសពីនេះឯកឧត្ដម បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកយកទស្សនៈដ៏ល្បីរបស់លោក Winston Churchill អតីតនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស៖ «អ្នកនឹងមិនទៅដល់គោលដៅរបស់អ្នកទេ ប្រសិនបើអ្នកឈប់ ហើយគប់ដុំថ្មទៅគ្រប់ឆ្កែដែលព្រុស – You will never reach your destination if you stop and throw stones at every dog that barks.»។ គោលដៅរបស់កម្ពុជា គឺដំណើរឆ្ពោះទៅប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០ ៕