IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ក្នុងឱកាសនៃជំនួប លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមាន សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល ជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ជាងនេះទៅទៀត លោកស្រីនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា IDP Education ក៏បានផ្ដល់នូវសេវាកម្មប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត ក្នុងការដាក់ពាក្យចូលរៀននៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដែលរួមមាន÷ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។ កន្លងមក IDP Education បានផ្ដល់នូវការប្រឹក្សាយោបល់ និងសម្របសម្រួលចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី១៥០០ ទៅ ២០០០ នាក់ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចងក្រងសមាគមអតីតនិស្សិត(Alumni) ព្រមទាំងបានសហការជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួនក្នុងការផ្ដល់ជំនួយផ្នែកបច្ចេកទេសលើការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។
លោកស្រីនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយ IDP Education មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោងនឹងបើកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏មានផែនការពង្រីកសាខាជាបន្តបន្ទាប់នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា ដែលរួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រីនាយកប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញផ្នែកភាសាអង់គ្លេសនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់នូវទំនាក់ទំនងទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម។
សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយរាជរដ្ឋាភិបាលបានយកចិត្តខ្លាំងលើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
បន្ថែមលើនេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសមន្ត្រីរាជការ និងអរគុណចំពោះការសម្របសម្រួលពី IDP Education នាពេលកន្លងមក។
សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបាននូវអាហារូបករណ៍របស់មន្ត្រីរាជការស៊ីវិលនេះ ផ្នែកកងទ័ពក៏មានទំនាក់ទំនងជាមួយ IDP Education និងបានទទួលនូវការផ្ដល់វគ្គបណ្តុះបណ្តាល អាហារូបករណ៍ និង កម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍ នៅក្នុងវិស័យកងទ័ពផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ IDP Education បន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញបច្ចេកវិទ្យាឌីជីថល សំដៅបន្តចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ៕