សម្តេចធិបតី៖ នៅខ្មែរបច្ចុប្បន្នក្តៅដោយសារខែចេត្រ ប៉ុន្តែមិនមែនជាការក្តៅដោយសារសង្គ្រាមដូចកាលពីអតីតកាលនោះទេ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្រុកខ្មែរបច្ចុប្បន្នក្តៅដោយសារខែចេត្រ ប៉ុន្តែមិនមែនជាការក្តៅដោយសារសង្គ្រាមដូចកាលពីអតីតកាលនោះទេ។
សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារគាំទ្រចំពោះសុខសន្តិភាព ដែលរកបានដោយសម្តេចតេជោ គឺមានតម្លៃណាស់។ មានសន្តិភាពហ្នឹងហើយ ដែលនាំឱ្យកម្ពុជាមានការរីកចម្រើន នាំឱ្យមានការចងភ្ជាប់ឡើងវិញរវាងខ្មែរនៅក្រៅប្រទេសជាមួយប្រទេសជាតិ។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកការជួបជាមួយខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់នាពេលនេះ បង្ហាញឱ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ៕