នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា ទោះអត់ដាំកញ្ឆា ក៏កម្ពុជា មិនក្រដែរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ទោះបីអត់ដាំកញ្ឆា ក៏ប្រទេសកម្ពុជា មិនក្រដែរ ព្រោះកម្ពុជានឹងត្រូវពង្រីកការដាំដុះផលិតផលកសិកម្មវិញ ដូចជា៖ ស្វាយ ចេក ជាដើម សម្រាប់នាំចេញទៅក្រៅប្រទេស។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណា សម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺមិនអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជាជាដាច់ខាត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា មានបណ្ដាប្រទេសមួយចំនួនអនុញ្ញាតឱ្យដាំកញ្ឆាសម្រាប់បម្រើឱ្យវិស័យសុខាភិបាល ប៉ុន្ដែនៅកម្ពុជា គឺមិនអនុញ្ញាតឱ្យដាំឡើយ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ជាផ្នែកមួយនៃយុទ្ធសាស្ដ្រគោលនយោបាយប្រឆាំងការប្រើប្រាស់គ្រឿងញៀននេះ គឺកញ្ឆាក៏មិនឱ្យដាំដែរ។ ហើយបើចង់បានថ្នាំ ទៅទិញស្រាប់ នៅប្រទេសកាណាដាទៅ យើងមិនបាច់ធ្វើ មិនបាច់ដាំទេ ដាំអីផ្សេងទៅ ហើយបើអត់ដាំកញ្ឆា កម្ពុជា ក៏មិនក្រដែរ។ ដាំស្វាយ នាំចេញទៅ ដាំចេកនាំចេញទៅ។
សូមរំលឹកថា នាពេលកន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជូនសារទៅអ្នកវិនិយោគមកពីក្រៅប្រទេស ដែលមានបំណងសុំមកដាក់ទុនធ្វើការវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលវេលា ជិះយន្តហោះមកអី អត់ប្រយោជន៍នោះទេ មិនបាច់មកទេ ៕