គ្រួសារសពអតីតយុទ្ធជនពិការ មានជីវភាពលំបាកខ្វះខាត នៅស្រុកកំពង់ស្វាយ គោរពថ្លែងអំណរគុណសម្តេចធិបតី ដែលជួយឧបត្ថម្ភថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារសម្រាប់រៀបចំពិធីបុណ្យសព
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកកំពង់ស្វាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ រស់ ស្រី ឋានន្តរសក្ដិពលបាលឯក អាយុ៥៦ ឆ្នាំអតីតនៅអង្គភាពវរសេនាតូចលេខ៦ ខេត្តកំពង់ធំ ។ លោកបានទទួលមរណភាពដោយរោគាពាធនៅពេលកន្លងទៅថ្មីៗនេះ នៅភូមិបិណ្តីយ៍ ឃុំព្រៃគុយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ ចំពោះការបាត់បង់ជីវិត របស់លោកពលបាលឯក រស់ ស្រី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក រស់ ស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ព្រមជាមួយនេះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មួយចំនួនទៀត រួមមានអង្ករ មីជាតិ ត្រីខកំប៉ុង និងទឹកត្រី ទឹកស៊ីអ៉ីវផងដែរ សម្រាប់សម្រួលដល់ការធ្វើបុណ្យសពបងប្អូនអតីតយុទ្ធជនយើងឲ្យបានសមរម្យនិងឱ្យទាន់ពេលវេលា ។
ក្រុមគ្រួសារសពអតីតយុទ្ធជនពិការ និងអាជ្ញាធរ ដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោ សោម ស៊ុន ក្រុម ការងារសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ដែលបានគិតគូរ ដោះស្រាយការលំបាកជូនគាត់និងសូមគោរពជូនពរ សម្តេច លោកជំទាវ និងឯកឧត្តម លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។