ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ អគ្គាធិការដ្ឋាន ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ និងបានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ និងរបាយការណ៍សង្ខេបយេនឌ័រប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។
ជាកិច្ចបន្ទាប់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមការងារដឹកនាំគ្រប់គ្រង និងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរហូតសម្រេចបាននូវស្នាដៃជាច្រើនគួរឱ្យកត់សម្គាល់។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារយេនឌ័រ ដូចជាការពិនិត្យលក្ខណៈសម្បត្តិ សមត្ថភាព ដើម្បីលើកទឹកចិត្ត ដូចជាការតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្តល់ប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសតាមលំដាប់លំដោយ។
ជាកិច្ចបញ្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកជំទាវ អគ្គាធិការរង និងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងបានជូនពរសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ប្រកបពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជានារី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕