ឯកឧត្តម សុខុម ភគវន្តមុនី ដឹកនាំប្រជុំពិភាក្សា ពីគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម-កំពង់ធំ) ក្រោមឥណទានសហប្រតិបត្តិការពីចិន
ភ្នំពេញ៖ ឯកឧត្តម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៦០បេ ក្រោមក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើការងាររៀបចំផែនការសម្រាប់អនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៦០បេ ជាមួយតំណាងក្រុមហ៊ុនសាងសង់ ក្នុងការពិនិត្យលទ្ធភាព ជម្រុញការសិក្សាលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀតដែលត្រូវដោះស្រាយ ធ្វើយ៉ាងណាជំរុញឱ្យគម្រោងសាងសង់ខាងលើនេះមានសង្គតិភាព អាចអនុវត្តទទួលបានលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាព៕