អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតីភាពក្នុងទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលមានការចូលរួមពីកងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រមាណជាង៦០០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាងនាមថ្នាក់ដឹកនាំគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ នៃកងកម្លាំងនគរបាលជាតិទាំងអស់ សូមសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុសន្តិសុខជាតិមាតុភូមិ និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ស្រលាញ់រាប់អាន ដល់ក្រុមគ្រួសារញាតិសណ្តាន ក៏ដូចជាកងកម្លាំងនគរបាលនារី ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ឬនៅមន្ទីរពេទ្យ សូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកជួបជុំគ្រួសារ និងសហការីនៅអង្គភាពវិញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព ស្មើគ្នា និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានានៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ ការរៀបចំយុទ្ធនាការអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបទី១១៣ នាឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា ការកំណត់យកមូលបទសម្រាប់ឆ្នាំនេះ បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដទៀតថា ការលើកកម្ពស់តួនាទីរបស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ន។ នៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបានចូលរួមដោយសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗសម្រាប់ស្ត្រីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានានៅក្នុងការរស់នៅរួមទាំងការលើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខ្លួន និងគ្រួសារ ព្រមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញការណែនាំមួយចំនួន ដល់កម្លាំងនគរបាលនារី រួមមាន៖
*ទី១៖ សូមកងកម្លាំងនគរបាលនារីទាំងអស់ បន្តរក្សានូវប្រពៃណីថ្លៃថ្នូរ រក្សាកិត្តិយសក្នុងនាមជាងកងកម្លាំងនគរបាលជាតិ ដែលមានវិន័យ សីលធម៌ គុណធម៌ និងមានមនសិការវិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃឲ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»
*ទី២៖ ស្នើបន្តខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ ចាប់យកកាលានុវត្តភាព អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យស័ក្តិសមជាស្រ្តីនៃយុគសម័យឌីជីថល ដែលពោពេញដោយសមត្ថភាព
*ទី៣៖ លើកកម្ពស់ឧត្តមភាពក្នុងនាមជាភរិយា ជាមាតា ជាម្តាយមីង ជាបងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដោយត្រូវអប់រំក្នុងសង្គមគ្រួសារយើងទាំងមូល ឲ្យចូលរួមគ្រប់ចលនាសង្គម ចេះគោរពច្បាប់ មានសុជីវធម៌ល្អ ចៀសផុតនូវអំពើអបាយមុខផងទាំងពួង ក្លាយជាពលរដ្ឋល្អ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយគុណធម៌ បង្កើតបាននូវបរិយាកាសកក់ក្តៅ មានសុវត្ថិភាពនិងសុខដុមនីយកម្មក្នុងសង្គមកម្ពុជា។
ក្នុងនាមអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជានារី ដោយកាត់បន្ថយនូវគម្លាតយេនឌ័រ ផ្តល់នូវអាទិភាពលើកទឹកចិត្ត ផ្តល់មុខតំណែង ឋានន្តរស័ក្តិ ស្របតាមស្នាដៃ និងសមត្ថភាព ប្រកបដោយតម្លាភាព គ្មានការរើសអើង៕