គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បើកកិច្ចប្រជុំការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ អភិបាលខេត្តបាត់ដំបង, សមាជិកព្រឹទ្ធសភា,សមាជិករដ្ឋសភា, និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកងកម្លាំងទាំងបីប្រភេទ, អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព, អាជីវករ និងអ្នកពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ។
ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានបញ្ជាក់អំពីល្បែងស៊ីសងខុសច្បាប់ បើមាននៅខេត្តបាត់ដំបង លោកនឹងដាក់ដាក់បទបញ្ជាដាច់ខាតថា បើល្បែងស៊ីសងខុសច្បាប់នោះ បានកើតឡើងនៅក្រុង ស្រុកណាត្រូវឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់នេះជាបន្ទាន់ ហើយបើកើតមាននៅ ក្រុង ស្រុក ណាមួយ អភិបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ច ត្រូវរឹតបន្តឹង បើករណីនេះនៅតែមានកើតឡើងនៅដែនសមត្ថកិច្ចខ្លួនទទួលខុសត្រូវហើយមិនព្រមបង្ក្រាបទេស្មើនឹងការដកចេញពីដំណែងផងដែរ។
ក្នុងឱកាសនោះមន្រ្តីជំនាញ របស់គ្រប់គ្រងល្បែងពាណិជ្ជកម្ម បានឡើងធ្វើបទបង្ហាញ និងពន្យល់អំពីច្បាប់គ្រប់គ្រងល្បែងស៊ីសងមានច្បាប់ និងអត់ច្បាប់ផងដែរ។ នាឱកាសនោះលោក រស់ ភីរុណ បានរៀបរាប់អំពីល្បែងស៊ីសង ផ្សងសំណាងខុសច្បាប់មាននៅកម្ពុជា ដោយមិនបានសុំការអនុញ្ញាតពីគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ដោយកន្លងថ្មីៗនេះ ក៏ការផ្សព្វផ្សាយដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អគ្គគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចៀសវាងការចូលរួមលេង ឬចូលរួមសកម្មភាពក្នុងដំណេីរការល្បែងស៊ីសងខុសច្បាប់ខាងលេីនេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពង្រឹងការតាមដាន និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការអ្នកលេង និងអ្នកពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ខាងលេីនេះបន្តទៀត។ តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពោលប្រមាណកន្លងទៅនេះ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងចាត់វិធានការចំពោះល្បែងផ្សង សំណាងខុសច្បាប់ ដែលផ្សព្វផ្សាយលើបណ្តាញសង្គម។
ឯកឧត្ដម រស់ ភីរុណ បានបញ្ជាក់ថា៖ «ករណីផ្សព្វផ្សាយលើបណ្តាញសង្គម អគ្គលេខាធិការដ្ឋាន គ.ល.ក បានរកឃើញការផ្សព្វផ្សាយល្បែងខុសច្បាប់ជាច្រើនគឺប្រមាណ១៥ ទៅ២០អង្គភាពជារៀងរាល់ថ្ងៃ។ យើងខ្ញុំនៅតែបន្តចាត់វិធានការនេះឱ្យកាន់តែសកម្មថែមទៀត»។
ចំពោះវិធានការសម្រាប់ការបង្ក្រាបរាល់សកម្មភាពផ្សាយពីល្បែងដោយខុសច្បាប់ ត្រូវបានលោក រស់ ភីរុណ បញ្ជាក់រួមមាន៖
*ពង្រឹងការស្រាវជ្រាវពីប្រភពនៃប្រតិបត្តិការល្បែង និងស្នើសុំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចាត់វិធានការតាមនីតិវិធី។
*បង្កើនយុទ្ធនាការអប់រំ និងណែនាំដល់សាធារណជន និងបុគ្គលពាក់ព័ន្ធទាំងអស់ឱ្យយល់អំពីការប្រព្រឹត្ត ឬចូលរួម ឬពាក់ព័ន្ធនឹងសកម្មភាពល្បែងដែលខុសច្បាប់ គឺត្រូវប្រឈមនឹងទោសទណ្ឌតាមច្បាប់ ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ។
ករណីផ្សព្វផ្សាយលើបណ្តាញសង្គមពាក់ព័ន្ធនឹងល្បែងខុសច្បាប់ អគ្គលេខាធិការដ្ឋាន គ.ល.ក បាននឹងកំពុងអនុវត្តវិធានការ៖
ទី១៖ កាត់យក Page ទាំងនោះ ដើម្បីដាក់ឆ្លើយតបទៅសាធារណជនវិញ តាមរយៈបណ្តាញសង្គមក្នុងគោលបំណងពន្យល់ អប់រំដល់ប្រជាពលរដ្ឋ ថាសុទ្ធសឹងជាល្បែងខុសច្បាប់
ទី២៖ ស្រាវជ្រាវរកប្រភពនៃ pages ទាំងនោះដើម្បីចាត់វិធានការបង្ក្រាប
ទី៣៖ យក Page ទាំងនោះផ្ញើជូនក្រសួងប្រៃសណីយ៍ ដើម្បីចាត់វិធានការបិទភ្លាមៗ។
ឯកឧត្ដម រស់ ភីរុណ បានគូសបញ្ជាក់ថា អាជីវកម្មល្បែងផ្សងសំណាងដែលបានចុះបញ្ជីនៅឆ្នាំ២០២៣ គឺរក្សាចំនួន២១ ដដែលដូចឆ្នាំ២០២២។ ដោយឡែកអាជីវកម្មកាស៊ីណូ ដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ គឺមានកាកើនឡើងចំនួន ៧ក្រុមហ៊ុនលើសពីឆ្នាំ២០២២៕