ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការរៀបចំសន្និបាតបូកសរុបការងារធនធានទឹក និងឧតុនិយមឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការកណ្តាលរៀបចំសន្និបាតបូកសរុបការងារធនធានទឹក និងឧតុនិយមទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤។
សូមជម្រាបថា កិច្ចប្រជុំលើកទី២ នេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋាន និងលោក លោកស្រីជាសមាជិកគណៈកម្មការកណ្តាល អនុគណៈកម្មការតាក់តែងសុន្ទរកថា និងរបាយការណ៍សន្និបាត និងអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងពិធីការ។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពការងាររៀបចំសន្និបាត ព្រមទាំងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារធនធានទឹក និងឧតុនិយមទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងលម្អិតលើសេចក្តីព្រាងរបាយការណ៍នេះ និងបានប្រមូលធាតុចូលរៀបចំចងក្រងរួចរាល់ ហើយកំពុងបន្តការងារពិនិត្យ កែសម្រួល និងរចនាជាមួយអ្នកជំនាញបោះពុម្ព។
បើតាមឯកឧត្តមរដ្ឋលេខាធិការ សេចក្តីព្រាងរបាយការណ៍ខាងលើគ្រោងនឹងបញ្ចប់នៅក្នុងចុងសប្តាហ៍នេះ បន្ទាប់មកផ្ញើជូនឯកឧត្តម និងលោកជំទាវដែលត្រូវរៀបចំបទបង្ហាញនាពេលខាងមុខ និងដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងសម្រេច ៕