ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនផងដែរ។
ឯកឧត្តម សន្តិបណ្ឌិត បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យក្រុមការងាររួមគ្នាពិនិត្យឡើងវិញលើកិច្ចការព្រំដែន កម្លាំងនគរបាលព្រំដែន រចនាសម្ព័ន្ធ សម្ភារៈបំពាក់នៅតាមអង្គភាព ហើយកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីពិភាក្សាគ្នា និងដាក់ចេញជាគោលការណ៍ សម្រាប់អង្គភាពនីមួយៗយកទៅរៀបចំកិច្ចការនេះ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ និងមានការរៀបចំប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕