កម្មវិធី រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី១ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ គួរជាទីមោទនៈ
ភ្នំពេញ៖ កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១ ត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខប្រកបដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតសម្រាប់ យុវជន យុវតីខ្មែរ ជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់អំពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ។
ព្រឹត្តិការណ៍ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយពិព័រណ៍សិប្បកម្មខ្មែរ បានធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរដែលត្រូវបានសម្តែងបង្ហាញដោយអ្នកសិល្បៈជំនាញ ដឹកនាំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។កម្មវិធីនេះបានប្រព្រឹត្តិទៅនៅសាល សន្និសីទចតុមុខ ដែលមានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាច្រើនក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ញាំងឱ្យកម្មវិធីមួយនេះទទួលបានការគាំទ្រ និងជោគជ័យដ៏ត្រចះត្រចង់ គួរជាទីមោទនៈ ។
ថ្លែងក្នុងកម្មវិធី«រាត្រីសមោសរ សំពត់បត់ខ្មែរ» លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះឡើង ក្នុងគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើង ដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ ។
កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ និងភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរ។
លោកជំទាវរដ្ឋលេខាធិការបន្តថា៖ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះទៀតសោត គឺជាការ បង្ហាញឱ្យឃើញអំពីអត្ថប្រយោជន៍នៃសំពត់បត់ខ្មែរ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់សម័យកាល គ្រប់វ័យ និងគ្រប់កម្មវិធីរួមមាន៖ ទៅធ្វើការ ទៅវត្តអារាម កម្មវិធីធំៗរបស់ជាតិ ពិធីបុណ្យផ្សេងៗ ពិធីមង្គលការ ស្លៀកធ្វើស្រែចម្ការ នៅផ្ទះ និងកម្មវិធីរាត្រីសមោសរជា ដើម។
លើសពីនោះទៀត លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា តាម រយៈកម្មវិធីនេះ ក៏ដើម្បីជួយជំរុញឱ្យកូនខ្មែរមួយចំនួនដែលនិយមសម្លៀកបំពាក់បរទេស ហើយភ្លេចសំពត់បត់ ខ្មែរដ៏ល្អផូរផង់នៃយើង ឱ្យងាកមករកអ្វីដែលជារបស់ខ្មែរវិញ។សំពត់បត់ក្លាយចេញពីសំពត់ស្ត្រីខ្មែរ ពីជំនាន់មួយទៅជំនាន់មួយរាប់តាំងពីមុនសម័យអង្គរ សម័យលង្វែក សម័យឧត្ដុង្គ សម័យចតុមុខសម័យអាណានិគមនិយមបារាំង សម័យសាធារណៈរដ្ឋខ្មែរ រហូតមកដល់បច្ចុប្បន្ន។សូមស្តាប់ប្រសាសន៍របស់លោកជំទាវរដ្ឋលេខាធិកា ពីប្រវត្តិខ្លះៗ និងលក្ខណៈពិសេសរបស់សំពត់បត់ខ្មែរដែលពេញនិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។
នៅក្នុងកម្មវិធីដ៏មហោឡារិកនេះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» គឺជាកម្មវិធី ដ៏មានអត្ថន័យ និងមានសារៈសំខាន់បំផុតដល់យុវជន យុវតីខ្មែរ ជំនាន់ក្រោយ ក្នុងការបង្កើនចំណេះដឹង ជាពិសេសបានយល់កាន់តែច្បាស់អំពីប្រវត្តិ ក៏ដូចជាតម្លៃសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ដែលជាសម្លៀកបំពាក់ដ៏ថ្នៃថ្នូរ និងចំណាស់ជាងគេនៅលើទឹកដីសុវណ្ណភូមិ ។ សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់អ្នកសិល្បៈច្នៃម៉ូដសម្លៀកបំពាក់ សូមយកចិតទុកដាក់ទៅលើតម្លៃសម្លៀកបំពាក់ ដែលប្រើប្រាស់ដោយកូនខ្មែរ សូមកុំច្នៃម៉ូដលើសលប់ពេក ដែលអាចមើលទៅមិនសមរម្យ ប្រាសចាកពីតម្លៃសម្លៀកបំពាក់របស់ខ្មែរ ដែលមានលក្ខណៈចាស់ទុំ សុភាព និងថ្នៃថ្នូរ។
លោក គង់ អូលីវ៉ា អ្នកច្នៃម៉ូតសម្លៀកបំពាក់ និងជាគ្រូបង្វឹកដើរម៉ូដដ៏ល្បី និងមានភាពច្នៃប្រឌិតខ្ពស់ទាំងសម្លៀកបំពាក់បុរាណ និងសម័យ បានលើកឡើងថា លោក បានដឹកនាំក្រុមដើរម៉ូតសម្លៀកបំពាក់ក្នុងកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ» លើកទី១នេះដើម្បីឱ្យមហាជនបានយល់ដឹង និងបានឃើញពីភាពស្រស់ស្អាតនៃសម្លៀកបំពាក់ខ្មែរ ហើយចូលរួមលើកស្ទួយ គាំទ្រ និងអភិរក្សមរតកបុព្វបុរសខ្មែរបន្សល់ទុកឱ្យបានគង់វង្ស។
សូមជម្រាបជូនផងដែរថា កម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» បានប្រព្រឹត្តិទៅមានរយៈពេល ៣ថ្ងៃ នៅសាលសន្និសីទចតុមុខ ។ កម្មវិធីនេះ ក៏មានការតាំងបង្ហាញ «ពិព័រណ៍សិប្បកម្មយើង» ដែលមានការអញ្ជើញចូលរួមបង្ហាញស្នាដៃផលិតផលសិប្បកម្មខ្មែរ ជាច្រើនមុខទៀតផងដែរ ។ លើស ពីនេះ កម្មវិធីក៏មានការបង្ហាញជូននូវទស្សនីយភាពសិល្បៈជាច្រើនទម្រង់ទាក់ទងទៅនឹងប្រវត្តិនៃការប្រើប្រាស់សម្លៀកបំពាក់ និងសំពត់បត់ខ្មែរដើម្បីបង្ហាញដល់មហាជន៕