អង្គការ UNDP សន្យានឹងជួយគាំទ្រដល់កម្ពុជា ចំពោះការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុញ្ញាតឱ្យ លោក Christophe Bahuet អនុប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្តោតសំខាន់លើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ៥ឆ្នាំ ២០២៤-២០២៨, កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាពិសេសលើការត្រៀមខ្លួនសម្រាប់ការបញ្ចប់ការសិក្សារបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)។
ថ្លែងក្នុងជំនួប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអំណរគុណដល់លោក Christophe Bahuet ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងបេសកកម្មរបស់លោកមកប្រទេសកម្ពុជា អញ្ជើញមកសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីនៅទីស្តីការក្រសួងផែនការនាពេលនេះ។
ជាការឆ្លើយតប លោក Christophe Bahuet បានមានប្រសាសន៍ថ្លែងអំណរគុណ និងចូលរួមអបអរសាទរចំពោះការចូលកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងផែនការ ដែលជាតួនាទី និងជាក្រសួងដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំ កសាង និងរៀបចំផែនការយុទ្ធសាស្ត្រសំខាន់ៗជូនរាជរដ្ឋាភិបាល។
សមភាគីទាំងពីរ បានពិភាក្សាគ្នាលើដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(NSDP) ២០២៤-២០២៨ ដើម្បីអង្គការ UNDP បន្ស៊ីការងារឱ្យស្របគ្នាជាមួយផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាអនុវត្តឱ្យសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs)។ ក្នុងកិច្ចពិភាក្សាគ្នានេះផងដែរ សមភាគីទាំងពីរក៏បានពិភាក្សាលើក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើមុំមួយ គឺការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល ដែលជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើងថែមទៀត។
ពាក់ព័ន្ធនឹងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាផ្នែកមួយនៃការគាំពារសង្គម ដែលអង្គការ UNDP បានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ជាពិសេសក្នុងដំណាក់កាលការរីករាលជំងឺកូវីដ១៩ អង្គការUNDP បានផ្តល់នូវតាប្លេត(Tablet) ចំនួន ១៧០០គ្រឿង ដល់ក្រសួងផែនការ និងការចំណាយលើប្រព័ន្ធគ្រប់គ្រងតាប្លេតសម្រាប់ប្រមូលទិន្នន័យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យគ្រួសារក្រីក្រ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និង សំណូមពរនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រជូនដល់ក្រសួងផែនការ ដោយឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការអរគុណ និងស្នើឱ្យមានការគាំទ្របន្ថែមទៀត ដើម្បីឱ្យកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ មានប្រសិទ្ធភាពកាន់តែប្រសើរឡើង។
ចំពោះការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) របស់កម្ពុជា អង្គការ UNDP សន្យានឹងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ក្នុងការរៀបចំដំណើរការត្រៀមខ្លួនចាកចេញរបស់កម្ពុជាដោយរលូន សម្រេចបានតាមផែនការដែលបានកំណត់។
ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី និងលោក Christophe Bahuet បានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និង UNDP ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕