តួកគី ត្រៀមខ្លួនជាអ្នកធានាក្នុងការដោះស្រាយជម្លោះតំបន់ហ្គាហ្សា
អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៥ ខែមីនានេះថា តួកគី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបន្ទុករបស់ខ្លួន ក្នុងក្របខ័ណ្ឌនៃយន្តការធានា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់។
លោក Recep Tayyip Erdogan បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានរួមមួយដែលមានការចូលរួមដោយលោកប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅរដ្ឋធានីអង់ការ៉ាថា វាច្បាស់ណាស់ថាសន្តិភាពត្រឹមត្រូវជាមួយនឹងការធានាគឺត្រូវការជាជាងការខិតខំប្រឹងប្រែងសន្តិភាពដោយពាក្យសំដី។
លោក Recep Tayyip Erdogan បានបន្ថែមថា ផ្លូវតែមួយគត់ដើម្បីសន្តិភាពយូរអង្វែង គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អធិបតេយ្យភាព និងសមាហរណកម្មភូមិសាស្រ្តមួយនៅលើព្រំដែនឆ្នាំ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
លោកបានបន្តថា ឥឡូវនេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា លុះត្រាតែមានដំណោះស្រាយដោយយុត្តិធម៌ចំពោះបញ្ហាអ៊ីស្រាអែលនិងប៉ាឡេស្ទីននោះសន្តិភាពមិនអាចឈ្នះបាននៅមជ្ឈិមបូព៌ាឡើយ។
លោក Recep Tayyip Erdogan បានសន្មតថា អាកប្បកិរិយាខូច និងគ្មានច្បាប់ របស់អ៊ីស្រាអែល ចំពោះការគាំទ្រដែលខ្លួនទទួលបានពីមហាអំណាចលោកខាងលិច។
លោកថា ប្រទេសតួកគី ឈរក្នុងសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន លោកបានបន្ថែមថា រដ្ឋាភិបាលទួរគីបានទទួលអ្នកជំងឺជាង ៩០០នាក់ពី Gaza Strip សម្រាប់ការព្យាបាល។ លោកក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសរបស់គាត់ក្នុងការកសាងមន្ទីរពេទ្យវាលមួយនៅហ្គាហ្សា។
សម្រាប់ផ្នែករបស់ លោក Mahmoud Abbas បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍អន្តរជាតិដើម្បីការពារប្រជាជនប៉ាឡេស្ទីន។
លោកបានបន្តថា កិច្ចខិតខំប្រឹងប្រែងចាំបាច់ត្រូវពង្រឹងដើម្បីផ្តល់ការការពារអន្តរជាតិដល់ប៉ាឡេស្ទីន ដោយបន្ថែមថា ប៉ាឡេស្ទីនគួរតែក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិ។
ខណៈពេលដែលបង្ហាញពីការដឹងគុណរបស់គាត់ចំពោះការបន្តគាំទ្ររបស់ប្រទេសតួកគី សម្រាប់បុព្វហេតុប៉ាឡេស្ទីន លោក Mahmoud Abbas បានឲ្យដឹងថា ប៉ាឡេស្ទីនយកចិត្តទុកដាក់ចំពោះតួនាទីរបស់ប្រទេសតួកគី ក្នុងបញ្ហាប៉ាឡេស្ទីន។
ប្រភព៖ Xinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ