ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្ស៉ី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា»
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។
វគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា» ធ្វើបទបង្ហាញដោយលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ជាមន្ត្រីរាជការមកពីតាមក្រសួង ស្ថាប័ន និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី សរុបប្រមាណ ៤៥០នាក់។
នេះជាវគ្គបណ្តុះបណ្តាលលើកទី២ បន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ «ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា» នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដើម្បីពង្រឹងសមត្ថភាពគុណភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធិភាព និងផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ៕