រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំមេគង្គសាលាខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហេង សុថា អភិបាលខេត្តស្តីទី បានជម្រុញណែនាំដល់អាជ្ញាធរគ្រប់បណ្តាក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ៖ -សូមពិនិត្យមើលលើបញ្ហាល្បែងស៊ីសងដែលគ្មានអាជ្ញាប័ណ្ណ និងគ្មានច្បាប់អនុញ្ញាត
-បញ្ហាទំនាស់ដីធ្លី ដីព្រៃសហគមន៍
-បញ្ហាបច្ចុប្បន្នភាពរបស់គ្រូបង្រៀនដែលផ្ទេរ
-គ្រូបង្រៀនដែលអសកម្ម ជាពិសេសពាក់ព័ន្ធការសារធាតុញៀន ។
ឯកឧត្តម ហេង សុថា បានបន្តថា៖ ទី១)គ្រប់ក្រុងស្រុក ត្រូវពិនិត្យណែនាំដល់អាជ្ញាធរភូមិឃុំសង្កាត់ សូមប្រុងប្រយ័ត្នការចុះហត្ថលេខាឯកសារផ្ទេរ កាន់កាប់ ទិញលក់ដីធ្លី ឫដីព្រៃសហគមន៍របស់រដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងទី២)ស្នើសុំឲ្យបងប្អូនមន្រ្តីរាជការសាធារណ: និងកូនចៅជាសមាជិកក្នុងបន្ទុក សូមមកចុះឈ្មោះធ្វើប័ណ្ណថែទាំសុខភាព នៅបេឡាជាតិសន្តិសុខសង្គម ឲ្យបានគ្រប់គ្នា ដោយ ប.ស.ស បានបន្ថែមម៉ោងធ្វើការនៅថ្ងៃចុងសប្តាហ៍ បន្ទាប់សម្រាកពីការងារ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ស្តីពីរបបថែទាំសុខភាពជូនមន្រ្តីរាជការសាធារណ:។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការផ្សព្វផ្សាយនូវគោលយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព និងថែទាំចលនាកម្លាំងប្រជាការពារ ដែលជាកម្លាំងសំខាន់ក្នុងការរួមចំណែកបម្រើ និងសម្រួលការងារសន្តិសុខមូលដ្ឋាន និងគៀងគរជំនួយឧបត្ថម្ភគាំទ្រដើម្បីជួយសម្រួលដល់សកម្មភាពបំពេញការងាររបស់ពួកគាត់ និងពង្រឹងការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់លើការរំលោភ និងសាងសង់សំណង់លើដីចំណីផ្លូវសាធារណ: បញ្ចៀសការប៉ះពាល់ ទំនាស់ជាមួយប្រជាពលរដ្ឋ និងការខាតបង់ទ្រព្យសម្បត្តិ ហើយត្រូវត្រៀមបង្ការថែទាំគ្រប់ទឹកប្រើប្រាស់លើការងារកសិកម្មរដូវប្រាំង សូមពិនិត្យនិងពង្រឹងផ្សព្វផ្សាយឲ្យដល់មូលដ្ឋានប្រជាពលរដ្ឋ ជៀសវាងការធ្វើកសិកម្ម នៅតំបន់ងាយរងការងារខ្វះប្រភពទឹក ៕