បណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្តា្រលី
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងរវាងអាស៊ាន និងវៀតណាម ហើយនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអញ្ជើញលោកអគ្គលេខាធិការអាស៊ាន ទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសវៀតណាម តាមវេលាសមស្របខាងមុខផងដែរ។
បន្ទាប់មកនៅថ្ងៃដដែល នៅទីក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។
ប្រមុខរដ្ឋរដ្ឋាភិបាលអាស៊ាន បានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យមេដឹកនាំអាស៊ាន-អូស្ត្រាលី, -ភាពជាដៃគូសម្រាប់សន្តិភាព និងវិបុលភាព និងសេចក្តីប្រកាសទីក្រុងមែលប៊ិន, – ភាពជាដៃគូសម្រាប់អនាគត ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ដែលមានអត្ថន័យ មានសារៈសំខាន់ និងមានផលប្រយោជន៍ទៅវិញទៅមក ៕