ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ អូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ តែឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ អភិវឌ្ឍប្រកិតនឹងសមាជិកអាស៊ានដទៃទៀត
ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជុំវិញលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានលើកឡើងអំពីទស្សនៈរបស់ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចំពោះកម្ពុជា។
ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី ធ្វើឡើង នៅក្នុងឱកាសជួបពិភាក្សាទ្វេភាគី ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយលោកបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
បើតាម ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយអស្ចារ្យ ក្នុងន័យថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជាដែលបានឆ្លងកាត់សោកនាដកម្ម មួយពាន់ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍មួយផង ឥឡូវក្លាយជាប្រទេសរឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាមប្រកិតពីក្រោយ បណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ។
កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង៧ទសវត្ស កន្លងមកហើយ ដោយអូស្រ្តាលីជួយកម្ពុជាច្រើនណាស់ ជាពិសេសអំឡុងស្វែងរកសន្តិភាព ជូនកម្ពុជានៅក្នុងទសវត្ស ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងក្នុងវិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និងការការពារសន្តិសុខជាដើម។ល។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា អូស្រ្តាលី បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយចំនួនដូចជាវិស័យកសិកម្មដែលត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រមទាំងវិស័យទេសចរណ៍។ល។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបញ្ជាក់បន្ថែមទៀតថា តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយស្តីពីសេវាកម្មដឹកអញ្ជូនតាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅលើវិស័យទេសចរណ៍នេះឯង ៕