ឯកឧត្តម នេត្រ ភក្ត្រា ស្នើឲ្យអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ចូលរួមលើកកម្ពស់ការផ្សព្វផ្សាយសារនានា ទាក់ទងការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ គ្រឿងញៀនបានជះឥទ្ធិពលអាក្រក់ជាច្រើនដល់សង្គមជាតិ ដូច្នេះ ស្ថាប័នផ្សព្វផ្សាយ និងប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាទប់ស្កាត់ និងផ្សព្វផ្សាយអោយបានទូលំទូលាយបន្ថែមទៀត ។ ការស្នើដល់ប្រពន្ធ័ផ្សព្វផ្សាយបន្តផ្សាយពីសារសំខាន់ៗទាក់ទងបញ្ហាគ្រឿងញៀននេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មានអញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន ១ តោន កន្លះ ពី ឯកឧត្តម ស្លៈ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
បញ្ហាគ្រឿងញៀនជាក្តីកង្វល់របស់រាជរដ្ឋាភិបាល វាមិនត្រឹមតែបង្កបញ្ហាដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះ វាបានបណ្តាលអោយមានបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលសកលលោកកំពង់យកចិត្តទុកដាក់លើកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ដូច្នេះហើយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានតួនាទី និងភារកិច្ចដឹកនាំ បញ្ជា និងចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលមានគណៈកម្មការទទួលបន្ទុកចំនួន៥ ក្នុងការអនុវត្តការងារ។
ឯកឧត្តម នេត្រ ភក្ត្រា ដែលជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើដល់អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ជួយផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងលក្ខណៈទូទៅ និងផ្សព្វផ្សាយតាមបែបសាសនា ដើម្បីបញ្ជាបដល់សហគមបងប្អូនខ្មែរ ឥស្លាមបានយល់ ហើយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន យល់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន ។
នៅក្នុងឱកាសទទួលអំណោយដំណាប់ផ្លែល្មើ ពីអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា គ្រប់សាសនានៅកម្ពុជា ទទួលសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មាការរើសអើង ពិសេសសហគមន៍ឥស្លាម ។ អំណោយដំណាប់ផ្លែល្មើ ដែលទទួលបានពី អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី នឹងធ្វើការបែងចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន ដោយក្នុង១ អគ្គនាយកដ្ឋានចំនួន ១០០គីឡូក្រាម App ក្រសួងព័ត៌មាន និងជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះតាម ស្រុក ក្រុង ក្នុងខេត្តក្រចេះ ៕