ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យក្រសួងវប្បធម៌ សហការជាមួយក្រសួងការបរទេស បំផុសការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ នៅក្រៅប្រទេស ឱ្យទៀងទាត់រៀងរាល់ឆ្នាំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងវប្បធម៌ សហការជាមួយក្រសួងការបរទេស បំផុសការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ នៅក្រៅប្រទេស ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំ ។
ក្នុងឱកាសអញ្ជើញ អបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ»។
សម្តេច បានគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាន និងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ ។
ជាមួយគ្នា នេះ សម្តេចក៏បានណែនាំឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការជួយសម្រួលផ្ដល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និង ផលិតខ្សែភាពយន្តខ្មែរផងដែរ៕