ប្រមុខរាជរដ្ឋាភិបាល៖ ប្រជាជនខ្មែរសុទ្ធតែគោរពស្រឡាញ់ តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់, ប៉ុន្តែការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹង នាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនជា សិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយការអប់រំ និង ភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន។
សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង ៕