យុវជនក្រីក្រចំនួន ៩០រូប កំពុងបម្រើការងារក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍នៅខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចពេញម៉ោងលើជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ក្នុងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មនៅកម្ពុជា(SAMBAAT) និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាមចំនួន៩០នាក់។
វគ្គបណ្តុះបណ្តាលខាងលើមានរយៈពេល ៤ខែ (២ខែសិក្សាទ្រឹស្តីនិងអនុវត្ត ២ខែចុះហ្វឹកហាត់ការងារ) ដោយប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងបន្ថែមជំនាញភាសាអង់គ្លេស ចំណេះដឹងស្តីពីទេសចរណ៍ បច្ចេកវិទ្យាក្នុងភោជនីយដ្ឋាន និងទំនាក់ទំនងក្នុងវិស័យបដិសណ្ឋារកិច្ច។
សិក្ខាកាមសរុបចំនួន ៦០រូបសម្រាប់ជំនាញឆុងកាហ្វេ និង៣០រូបសម្រាប់ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៤ម៉ឺនរៀល។ តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ ក្រសួងទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របណ្តុះបណ្តាលវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ឱកាសឲ្យយុវជនក្រីក្រ ងាយរងគ្រោះ និងក្នុងក្រុមចំណាកស្រុក ទទួលបានជំនាញបដិសណ្ឋារកិច្ច និងឱកាសការងារធ្វើនៅក្នុងមូលដ្ឋានអាជីវកម្មខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម បានថ្លែងការអបអរសាទរដល់សិក្ខាកាមលើជំនាញឆុងកាហ្វេចំនួន៦០នាក់ និងជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន៣០នាក់ ដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ អនុវត្តន៍តាមនីតិវិធីនៅកន្លែងធ្វើការ មានអត្តចរិតស្លូតបូត និងរួសរាយរាក់ទាក់ដើម្បីអភិវឌ្ឍខ្លួនក្នុងជំនាញវិជ្ជាជីវៈទេសចរណ៍ឱ្យបានល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម សង្ឃឹមថាគម្រោងSAMBAAT នឹងជួយគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅវគ្គបន្ទាប់ៗទៀតសម្រាប់ខេត្តបាត់ដំបង ឬអាចជួយពង្រីកការបណ្ដុះបណ្ដាលទៅខេត្តផ្សេងៗទៀតដូចជា សៀមរាប តំបន់ឆ្នេរសមុទ្រ និងភូមិភាគឦសាន ដែលមានយុវជនភាគច្រើនស្ថិតក្នុងគ្រួសារក្រីក្រ និងក្រុមចំណាកស្រុក ខណៈគម្រោងនេះបានកាត់បន្ថយការចំណាកស្រុកនិងបើកច្រកសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ នៅតែជាវិស័យអាទិភាព មួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាស បៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយ បង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា សំដៅទាក់ទាញ និងទទួលបាន នូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារនិង បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋជំរុញការនាំចេញនៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និងបង្កើន ចំណូលជាតិ ជាពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធ ភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី ១ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕