ឯកឧត្តម អ៊ូច ភា ផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហាសិរីមង្គលថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្ញើសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអភិលក្ខិតកាលដ៏មហាសិរីមង្គលថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវិត្តកម្មឌីជីថល”។
ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវិត្តកម្មឌីជីថល” ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងក្នុងនាមទូលព្រះបង្គំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាច្រកកម្ពុជា ទេវតារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះកែវមរកត បារមីអតីតអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី គ្រប់ព្រះអង្គ សូមថែរក្សា ប្រោះព្រំ ព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈ ខ្ពង់ខ្ពស់បំផុត សូម សម្តេចព្រះមហាក្សត្រី មានព្រះជន្មាយុយឺនយូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា វាងវៃ ដើម្បី បំពេញ ព្រះរាជបេសកកម្ម ឱ្យសម្រេចបានជោគជ័យគ្រប់ប្រការ ឈ្នះអស់មារសត្រូវគ្រប់ទិសទីដើម្បីគង់ប្រថាប់ក្នុងព្រះ បរមសិរីរាជសម្បត្តិ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងដើម្បីសុខដុមរមនារបស់ជាតិ មាតុភូមិ និងជាម្លប់ដ៏ត្រជាក់ត្រជុំ របស់ប្រជារាស្រ្តជាទីស្រឡាញ់ របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
ជាមួយគ្នានេះដែរទូលព្រះបង្គំយើងខ្ញុំ ជាកូន ចៅ ចៅទួត សូមលើកអញ្ជលីប្រណមថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ប្រកបដោយព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ព្រះរាជសុខភាពមាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់នៃជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តាទទួលនូវគារវកិច្ច កតញ្ញូតាធម៌ និងស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ៕