ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ចំពោះការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្ស
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា បានបញ្ជាក់ថា ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្នុងចំណោមមន្រ្តីឧទ្យានុរក្សសរុប ១០៦៩នាក់ មានស្រ្តីប្រមាណ៣០% បាននិងកំពុងបំពេញបេសកកម្មជាមន្រ្តីឧទ្យានុរក្ស ដែលបានបំពេញតួនាទីសំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេនានា ទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់ ការប្រឈមនឹងបទល្មើស ជួបគ្រោះថ្នាក់ដោយប្រការណាមួយ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានឈរជើង និងចុះល្បាតបង្កាបបទល្មើសធនធានធម្មជាតិ ជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ដែលមានផ្ទៃដីជាង៧លានហិចតា ស្មើនឹងប្រមាណ៤០% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
ឯកឧត្តមបានបញ្ជាក់ថា “មន្ត្រីឧទ្យានុរក្សរបស់យើង បាននិងកំពុងបំពេញភារកិច្ច ជាក់ស្តែងនៅពេលនេះ គឺដូចជាឪពុក ម្តាយ ឬអ្នកអាណាព្យាបាល ដែលជួយឃ្លាំមើល ការពារ ថែរក្សា មរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅ តទៅមុខទៀត”។
ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សត្រូវបានទទួលការថែទាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដូចជាការថែទាំសុខភាព ការការពារជំងឺ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព របៀបនៃការចុះល្បាត និងបង្កាបបទល្មើស មធ្យោបាយ សម្ភារៈ ការប្រើប្រាស់ឧបករណ៍ ស្របនឹងការវិវត្តថ្មីនៃការជឿនលឿន នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រទេស។ លើសពីនេះ ក្រសួងបរសិស្ថាន បានពង្រឹងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាការផ្តល់លទ្ធភាព ក្នុងការលើកកម្ពស់សមត្ថភាព លទ្ធភាព និងប្រសិទ្ធភាពការងារស្រ្តី ក្នុងការបំពេញភារកិច្ច ក៏ដូចជាការបង្កើនឱ្យមានការចូលរួម កាន់តែប្រសើរថែមទៀត រវាងស្រ្តី កុមារ ក្មេងស្រី ក្នុងវិស័យបរិស្ថាន។
ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបន្តថែរក្សាធនធានធម្មជាតិ និងគិតគូរចូលរួមលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យគោលដៅកម្សាន្តបៃតង និងបន្តអប់រំផ្សព្វផ្សាយ ដល់មហាជនទូទៅពីសារៈសំសំខាន់នៃយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន ៣ គឺភាព ស្ងាត បៃតង និងចីរភាព ឆ្ពោះទៅការសម្រេចទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានការអភិវឌ្ឍន៍ជឿនលឿន និងជាប្រទេសអព្យាក្រឹតកាបូន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការក្រសួងបរិស្ថានទាំងអស់ ជាពិសេសចំពោះមន្ត្រីឧទ្យានុរក្សជានារី ដែលមានភាពអង់អាចក្លាហាន មានស្មារតីស្នេហាជាតិមាតុភូមិ មានការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិ និងបរិស្ថាន ដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕