តុលាការសម្រេចឃុំខ្លួនជនជាតិកូរ៉េ ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីគ្រឿងញៀនជាង២គីឡូក្រាម
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានបាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៥១៩ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីន (KETAHINE) ទម្ងន់ ៩៨៧,៧៩ក្រាម និងប្រភេទ មេតំហ្វេតាមីន (METHANPHETAMINE) ទម្ងន់១២៩០,៧៤ក្រាម។
សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីនេះមានជន ត្រូវចោទមានខ្លួនចំនួន២នាក់៖ ទី១៖ ឈ្មោះ KIN JANGEUN ភេទប្រុស កើតឆ្នាំ១៩៨៣, ទី២៖ ឈ្មោះ LEE HYERAN ភេទស្រី កើតឆ្នាំ១៩៨៤ និងជនត្រូវចោទចំនួន៣នាក់ទៀតកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិត និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្ថានីយ៍អ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ តាមបទល្មើស ព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង២នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕