ឯកឧត្តម វង្ស ពិសេន ក្រើនរំលឹកអាជ្ញាធរមូលដ្ឋានមានវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសខុសច្បាប់គ្រប់ប្រភេទ ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»
ភ្នំពេញ៖ ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បន្តដាក់ចេញវិធានការម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប សកម្មភាពលួច ឆក់ ល្បែងស៊ីសង ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ការថ្លែងបែបនេះរបស់ឯកឧត្តម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សស្រុកប្រចាំខែកុម្ភ: និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង។
ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។
ឯកឧត្តមបានបន្តថា តាមរយៈយុទ្ធសាស្រ្តនេះ ជ្រុងមួយបានផ្តោតជាសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់រដ្ឋបាលក្រុង-ស្រុក ដែលអាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំអនុវត្តប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានផ្ដាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អំពីគោលការណ៍នានារបស់រាជរដ្ឋាភិបាល ដូចជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ យកចិត្តទុកដាក់លើវិស័យអប់រំ ក៏ដូចជាវិស័យសុខាភិបាល ពិសេស នៅតាមសាលា និងមណ្ឌលសុខភាព ក្នុងការពង្រឹងរៀបចំឲ្យក្លាយទៅជាចលនាប្រឡងប្រណាំង។
ដើម្បីជាការលើកទឹកចិត្តដល់មណ្ឌលសុខភាពឃុំព្រៃព្នៅ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាចំនួន ១០ លានរៀល សម្រាប់ជ័យលាភីអង្គភាពដែលផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងបានជំរុញឲ្យបណ្ដាឃុំផ្សេងៗទៀតខិតខំអនុវត្តតាមគំរូរបស់ឃុំព្រៃព្នៅនេះផងដែរ ៕