អត្ថាធិប្បាយ៖ រួមចំណែកអភិវឌ្ឍសកលតាមលំអានទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលបានត្រួសត្រាយដោយមហាសន្និបាតសភាទាំងពីរ
ដោយគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវបំណងដើមរបស់បក្សកុម្មុយនិស្តចិន នោះមាគ៌ាអភិបាលកិច្ចតាមបែបផែនចិនជាមាគ៌ាឆ្ពោះទៅរកការធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើងសម្រាប់ប្រជាជន។ ប្រជាជនចិនយល់ច្បាស់ណាស់ថាដោយមានជំនឿលើមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយត្រីវិស័យក្នុងការដឹកនាំប្រជាជាតិចិនឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។ មាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាការធានាជាមូលដ្ឋាននូវការធ្វើទំនើបកម្ម និងការអភិវឌ្ឍរបស់ចិន។ មាគ៌ានេះមានប្រព័ន្ធមួយដែលមានលក្ខណៈពិសេសចិនដែលមានភាពខ្លាំងក្លា ច្បាស់លាស់ និងយន្ដការកែលម្អដោយខ្លួនឯង នោះគឺមហាសន្និបាតសភាទាំងពីរ ។ ក្នុងន័យនេះ ពិភពលោកបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមហាសន្និបាតទាំងពីររបស់ប្រទេសចិន ដែលជាតំណាងឆន្ទៈរបស់ប្រជាជាតិចិន ហើយជាទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ដែលបានតម្កល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជនចិននិយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ព្រោះប្រជាធិបតេយ្យគឺជាមធ្យោបាយសម្រាប់តម្កល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាជនក្នុងនាមជាម្ចាស់អំណាច តែប្រជាធិបតេយ្យមិនមែនជាគោលបំណងរួមដែលមានលក្ខណៈឯកសណ្ឋានទេ។
ដោយមិនបានបដិសេធថាសេដ្ឋកិច្ចសកលកំពុងរងគ្រោះដោយសារវិបត្តិជាច្រើន ប្រទេសចិនមិនយល់ថាមានជម្រើសណាមួយល្អជាងកិច្ចប្រឹងប្រែងដើម្បីឱ្យពិភពលោករួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របនឹងប្រសាសន៍របស់លោក Wang Yi បានថ្លែងនៅក្នុងឱកាសបើកធ្វើសន្និសីទសារព័ត៌មានរបស់មហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ថា ចាប់តាំងពីលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវទស្សនៈស្តីពីសហគមន៍រួមវាសនានៃមនុស្សជាតិមក ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិបានវិវឌ្ឍន៍ពីទស្សនៈនិងគំនិតផ្តួចផ្តើមទៅជាប្រព័ន្ធវិទ្យាសាស្ត្រ ពោលគឺបានវិវឌ្ឍន៍ពីគំនិតផ្តួចផ្តើមចិនទៅជាគំនិតឯកភាពរួមរបស់អន្តរជាតិ ក៏ដូចជាបានប្រែក្លាយពីទស្សនទានដ៏ល្អបវរទៅជាសមិទ្ធផលជាក់ស្តែងដែលបង្ហាញពីកម្លាំងជីវិតយ៉ាងខ្លាំងក្លា ហើយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមសកលចំនួន៣ (១-អភិវឌ្ឍ ២-សន្តិសុខ និងអរិយធម៌) ជាសសរស្តម្ភដ៏រឹងមាំដល់ពិភពលោករួមគ្នាក្នុងចរន្តពហុភាគីនិយមក្នុងការពង្រឹងសន្តិភាព ពង្រីកទំហំនៃការអភិវឌ្ឍតាមលំអាននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ប្រទេសចិនបានបង្កើតសហគមន៍រួមវាសនាដែលមានទម្រង់ខុសៗគ្នាក្នុងវិស័យជាច្រើនជាមួយប្រទេសនិងតំបន់រាប់សិប ដោយបានពន្លាតពីទ្វេភាគីដល់ពហុភាគី ពីក្នុងតំបន់ដល់ពិភពលោកទាំងមូល ពីសុខាភិបាលដល់បណ្តាញអ៊ីនធឺណេតនិងមហាសមុទ្រ។
ដោយប្រកាន់ខ្ជាប់យ៉ាងមុតមាំថា ការអភិវឌ្ឍគឺជាហេតុផលដ៏រឹងមាំមួយរបស់ប្រទេសនិងពិភពលោក ឯសន្តិភាពកាន់តែជាហេតុផលដ៏រឹងមាំនៅក្នុងការសម្រេចបានការអភិវឌ្ឍ ទើបប្រទេសចិនបានរួមចំណែកផ្តល់លំនឹងនិងការរីកចម្រើនដល់សេដ្ឋកិច្ចសកលនិយាយជារួម ដល់ប្រទេសចិននិយាយដោយឡែក ដូចទៅនឹងរបាយការណ៍ការងាររដ្ឋាភិបាលដែលដាក់ជូនមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនឆ្នាំ២០២៤នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសចិននឹងផ្តោតលើការអភិវឌ្ឍ«កម្លាំងផលិតកម្មគុណភាពថ្មី»ដែលជាកម្លាំងផលិតកម្មទំនើបប្រកបដោយលក្ខណៈបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់ និងគុណភាពខ្ពស់ ដែលនឹងនាំមកនូវឥទ្ធិពលជាវិជ្ជមានដល់វិស័យផលិតកម្មពិភពលោក។ ជាក់ស្តែងតាមមាគ៌ាដែលបានចង្អុលបង្ហាញដោយមហាសន្និបាតសភាទាំងពីរកាលពីឆ្នាំ២០២៣កន្លងមក ទើបសេដ្ឋកិច្ចជាតិចិនក្នុងឆ្នាំ២០២៣ នៅតែដំណើរការប្រកបដោយស្ថិរភាព និងមានកំណើនផលិតផលក្នុងស្រុកសរុប៥,២% ដែលស្ថិតនៅជួរមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗរបស់ពិភពលោក ដូចមានចែងនៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនកាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីបើកមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ហើយតាមរយៈតួលេខនេះ យើងនឹងមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដែលថាពិភពលោកទាំងមូលបានជឿដូចទៅនឹងប្រជាជាតិចិនថា មាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិនដែលមានវេទិកាដ៏សំខាន់ក្នុងការជជែកនិងផ្តល់យោបល់លើបញ្ហាជាតិតាមរយៈមហាសន្និបាតនៃសភាទាំងពីរ គឺជាមាគ៌ាដ៏ត្រឹមត្រូវក្នុងការដឹកនាំបក្សនិងប្រជាជនឆ្ពោះទៅរកភាពជឿនលឿននៃសង្គមនិយមតាមបែបផែនចិន និងការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។
ដោយឈរយ៉ាងរឹងមាំជាមួយសហគមន៍អន្តរជាតិ មហាសន្និបាតនៃសភាទាំងពីរ គឺជាឧត្តមានុភាពពិសេសនៃនយោបាយប្រជាធិបតេយ្យបែបពិគ្រោះយោបល់នៃលទ្ធិសង្គមនិយមតាមបែបផែនចិន ក្នុងគោលបំណងឈ្វេងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហា ហើយឆ្លើយតបទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពដើម្បីជាឧត្តមប្រយោជន៍ដល់ជីវភាពរបស់ប្រជាជនចិននិយាយដោយឡែក ដល់មនុស្សជាតិនិយាយរួម ស្របទៅនឹងការប្រតិបត្តិជាក់ស្តែងរបស់ប្រទេសចិនដូចទាំងស្រុងជាមួយសេចក្តីប្រកាសដ៏ឱឡារិករបស់ថ្នាក់ដឹកនាំចិន ដែលបង្ហាញពីគោលជំហរនិងឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយបណ្តាប្រទេសនានាដើម្បីទទួលបានផលប្រយោជន៍រួម ការអភិវឌ្ឍរួមនិងវិបុលភាពរួម ដូចមានចែងនៅក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលថ្លែងដោយលោក Li Qiang នាយករដ្ឋមន្ត្រីចិនកាលពីនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ក្នុងពិធីបើកមហាសន្និបាតលើកទី២នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ដោយបានគូសរំលេចនូវចំណុចសំខាន់មួយថា «ក្នុងឆ្នាំ២០២៤ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយ បង្កើនការស្រូបទាញវិនិយោគទុនបរទេស ដើម្បីចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិន»។
ជារួម មហាសន្និបាតនៃសភាទាំងពីរគឺជាត្រីវិស័យប្រកបដោយនិយាមគរុសភាដែលពោរពេញដោយឫទ្ធានុភាពដែលមិនត្រឹមដឹកនាំការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាយន្តការប្រកបដោយថាមពលពោរពេញដោយស័ក្តិសិទ្ធិភាពក្នុងការចូលរួមបង្កើនកម្លាំងដល់ការអភិវឌ្ឍសកលទៀតផង។ តាមរយៈមហាសន្និបាតសភាទាំងពីរ នោះបានបង្ហាញយ៉ាងប្រត្យក្សថា ប្រទេសចិននឹងបន្តដំណើរអភិវឌ្ឍរបស់ខ្លួនតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងជំរុញល្បឿននៃការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិឈរលើទម្រដ៏រឹងមាំនៃសន្តិភាព៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន