សម្តេចធិបតី៖ បច្ចេកវិទ្យាគឺជាអាទិភាពថ្មីមួយក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចេកវិទ្យាគឺជាអាទិភាពថ្មីមួយ ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ហើយរាជរដ្ឋាភិបាលនឹងខិតខំលើកកម្ពស់ នូវឌីជីថលូបនីយកម្មឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរ។
សម្ដេចបានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិពណ៌រដ្ឋបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិលើកទី១ឆ្នាំ២០២៤ក្រោមប្រធានបទ«ការលើកកម្ពស់ចេរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតកោះពេជ្រ។
សម្តេចធិបតីបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងអាស៊ាន និងក្នុង ដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញនោះសម្តេចសូមធ្វើការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ទាក់ទងនឹងការលើកកម្ពស់វិស័យបច្ចេកវិទ្យានេះ ខណៈវិស័យមួយនេះបានកំពុងស្ថិតនៅជាអាទិភាពមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។
សម្តេចនាយករដ្ឋមន្រ្តីបន្ថែមទៀតថា សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យកនិងទាញយកផលប្រយោជន៍ជាអាតិបរិមា នៃការរីកចម្រើនបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិទ្ធភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឲ្យបាននូវអត្ត សញ្ញាណ និងវប្បធម៌ជាតិផងដែរ៕