នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឲ្យផ្តោតការយកចិត្តទុកដាក់ លើការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ផ្តោតការយកចិត្តទុកដាក់ ចំពោះការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។
ក្នុងឱកាសអញ្ជើញបើក វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានបញ្ជាក់ថា «ដើម្បីជាធាតុចូលដល់កិច្ចពិភាក្សា ខ្ញុំសូមស្នើឲ្យអង្គវេទិកា ផ្តោតការយកចិត្តទុកដាក់ ទៅលើចំណុចជាគន្លឹះ ដូចខាងក្រោម ទី១ ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលម្យ៉ាងនាំឲ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឲ្យមានកំណើន នៃលំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែនដែលបង្កជាការព្រួយបារម្ភ ដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពាន់ឯកជនភាព របស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខ Cyber ជាតិ ជាដើម» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យគិតគូ លើការការសំរួលបន្ថែម លើវិធានការគោលនយោបាយ ពាក់ព័ន្ធនឹងការអនុវត្ត កម្មវិធីបរិវត្តកម្មរដ្ឋបាលឌីជីថល ដោយប្រើប្រាស់អភិក្រមរដ្ឋបាលទាំងមូល និងការបើកចំហរ សម្រាប់ការចូលរួមពីគ្រប់តួរអង្គ ការធ្វើសុខដុមនីយកម្ម និងគោលនយោបាយ បទបញ្ញត្តិ ស្តង់ដាររវាងប្រទេសក្នុងតំបន់ ដើម្បីជួយសម្រួលនៅក្នុងការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជាការពង្រីក និងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ការកំណត់ចលករ គន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្ត្រជំរុញសន្ទុះ នៃការបង្តើតសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល របស់ប្រជាពលរដ្ឋ និងការពង្រឹងយន្តការកំណត់ ដើម្បីឆ្លើយតប បញ្ហាសន្តិសុខ Cyber និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទ្តិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ ដូចជាអនឡាញ Scam និងព័ត៌មានក្លែងក្លាយផងដែរ៕