រដ្ឋមន្ត្រីក្រសួងសាធារណការ អនុញ្ញាតឱ្យ ប្រតិភូការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) ដឹកនាំដោយ អ្នកនាង អ៊ីដា ក្រាចា (Ms. Eda KRAJA) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
គោលបំណងនៃជំនួបនាឱកាសនេះ គឺដើម្បីជាការណែនាំខ្លួនពីសំណាក់ អ្នកគ្រប់គ្រងប្រចាំប្រទេស របស់ UNOPS ដែលទើបទទួលបានតែងតាំងថ្មី និងកិច្ចពិភាក្សាអំពីលទ្ធភាព និងឱកាស នៃការបង្កើតកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើគម្រោងនានាដែលអាចត្រូវការជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសពី UNOPS ដើម្បីជាការចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារកម្ម និងសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា ៕