សម្ដេចមហាបវរធិបតី៖ កម្ពុជា បានកសាងព្រលានយន្តហោះថ្មីកម្រិតអន្តរជាតិ បង្ហាញពីប្រវត្តិសាស្ត្រថ្មី នៃសម័យកាលប្រទេសមានសន្តិភាព
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានសម្ដែងអារម្មណ៍រំភើបព្រឺរោមពេលបានទស្សនាផ្ទាល់ អាកាសយានដ្ឋានថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោ» ដោយសម្ដេច ថ្លែងថា កម្ពុជាបានកសាងព្រលានយន្តហោះថ្មីកម្រិតអន្តរជាតិ បង្ហាញពីប្រវត្តិសាស្ត្រថ្មីនៃសម័យកាលនៃប្រទេសមានសន្តិភាព ដែលជាមោទនភាពដ៏ធំធេងរបស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កន្លងទៅធ្លាប់មើលតាមទូរទស្សន៍ ហើយពេលខ្លះក៏ធ្វើដំណើរតាមឧត្ថម្ភាគចក្រ កាត់ទីនេះមើលពីលើ តែពេលនេះបានចូលមើលផ្ទាល់តែម្ដង អារម្មណ៍រំភើបតាំងពីឡានចូលមកណោះ តាំងពីផ្លូវបំបែកចូលមកពីផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ចូលមកដល់ឡើងលើទីនេះ ទោះបីមិនទាន់ចប់ ក៏ដោយ តែអារម្មណ៍យើងនិយាយចំតែម្ដងគឺថារំភើបព្រឺរោម ថ្ងៃមុនខ្ញុំទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប មានអារម្មណ៍រំភើបម្ដងហើយ ខ្ញុំដើរច្រើនប្រទេសដែរ ព្រលានយន្តហោះបែបនេះ គឺយើងធ្លាប់ឃើញមាននៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាព ធ្វើឱ្យខ្ញុំរំភើបនោះ ប្រហែលដូចជាបងប្អូនដែរ អានេះ នៅលើទឹកដីខ្មែរ របស់យើង ជារបស់យើង»។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥០០លាន ដុល្លារ ៕