សម្ដេចធិបតី៖ ការហោះហើរត្រង់ កម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការនាពេលមុខ ខណៈកិច្ចព្រមព្រៀងបានចុះហត្ថលេខារួចហើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការ នាពេលខាងមុខ ខណៈកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ ពេលសម្ដេចបំពេញទស្សនកិច្ចនៅអូស្ដ្រាលី។
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។ ឥលូវនេះយើងហោះមកចូលតាមប្រទេសផ្សេងៗ ។ យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីបើកច្រក ថ្ងៃក្រោយបើមានចំនួនមនុស្សធ្វើដំណើរ»។
សម្ដេចធិបតី គូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែងដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅពេលសាងសង់រួចរាល់នឹងកាន់តែបង្កលក្ខណៈងាយស្រួល។ ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស និងមនុស្សក្នុងវិស័យទេសចរណ៍ ត្រូវតែដើរទន្ទឹមគ្នា។
សម្ដេចធិបតីថ្លែងថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចរាល់ហើយនោះ ចំនួនជើងហោះហើរ ពិសេសប្រភេទយន្ដហោះធុនធំដែលមកពីប៉ែកអឺរ៉ុប នឹងមានកាន់តែច្រើន ម្ល៉េះហើយនៅពេលនេះវិស័យទេសចរណ៍របស់កម្ពុជា នឹងកាន់តែមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ក៏កាន់តែកើនឡើងដូចគ្នាដែរ ៕