ឯកឧត្ដម ស្វាយ សំអ៊ាង៖ ការតែងតាំងប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព និងនាយកសាលា ត្រូវជ្រើសរើសអ្នកដែលមានចំណេះជំនាញពិតប្រាកដ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា រាល់ការតែងតាំងប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ប្រធានមណ្ឌលសុខភាព ក៏ដូចជានាយកសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ត្រូវជ្រើសរើសចេញពីអ្នកដែលមានចំណេះដឹង ជំនាញពិតប្រាកដ និងមានសញ្ញាបត្រជំនាញបច្ចេកទេសបញ្ជាក់ផងដែរ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន HOT News Asia នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង ក៏ប្ដេជ្ញាចិត្តក្នុងការតែងតាំងសមាសភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ប្រធានមណ្ឌលសុខភាព ក៏ដូចជានាយកសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ដោយសំរឹតសំរ៉ាំងជ្រើសរើស និងតែងតាំងអ្នកដែលមានចំណេះដឹង ជំនាញ និងមានសញ្ញាបញ្ជាក់យ៉ាងពិតប្រាកដ ដើម្បីចូលរួមចំណែក ក្នុងការសង្គ្រោះអ្នកជំងឺ ក៏ដូចជាកសាងធនធានមនុស្ស ។
ទន្ទឹមគ្នានោះដែរឯកឧត្ដមអភិបាល ក៏បានគូសបញ្ជាក់ផងដែរថា រាល់ការតែងតាំងនេះ គឺផ្ដល់អាទិភាពខ្ពស់ទៅដល់ស្ត្រី ។ ឯកឧត្ដមថា ការផ្ដល់អាទិភាពនេះ ក៏ត្រូវមើលទៅលេីសមត្ថភាព ចំណេះដឹង និងជំនាញ បូករួមទាំងមានសញ្ញាបត្រពិតប្រាកដផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលអភិវឌ្ឍថ្មីបន្តទៀតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ បាវចនាចំនួន ៥គឺ ៖ ១.កំណើន ២. ការងារ ៣.សីលធម៌ ៤. ប្រសិទ្ធភាព និង៥. ចីរភាព និងបានកំណត់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រួមមាន ៖១. ការអភិវឌ្ឍធនធានមនុស្ស, ២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនការប្រកួតប្រជែង, ៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ, ៤. ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, ៥. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។
ឯកឧត្ដម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ចំពោះវិស័យអប់រំមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវន្តនានា រួមទាំងគុណភាពអប់រំ ។
សូមបញ្ជាក់ថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង មានមន្ទីរពេទ្យបង្អែកខេត្តចំនួន ១កន្លែង និងការិយាល័យស្រុកប្រតិបត្តិចំនួន ១កន្លែង និងមានមណ្ឌលសុខភាពចំនួន ២០កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ៦កន្លែង ដែលបាននិងកំពុងអនុវត្តយន្តការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋទូទាំងខេត្ត។ ចំពោះមន្ត្រីរាជការ បុគ្គលិកក្របខ័ណ្ឌសុខាភិបាលមានចំនួនសរុប៖ ៣៩០ ស្រី ២០៩ នាក់ និងមានបុគ្គលិកកិច្ចសន្យាចំនួន ៤៧ នាក់ ស្រី ២៨ នាក់ ។
ដោយឡែកមន្ទីរអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខេត្តស្ទឹងត្រែង មានការិយាល័យអប់រំស្រុកចំនួន៦ ។ ចំពោះមន្ត្រីរាជការ បុគ្គលិកក្របខ័ណ្ឌអប់រំមានចំនួនសរុប៖ ១៧២៧នាក់ ស្រី ៨៧៧ នាក់ និងមានបុគ្គលិកកិច្ចសន្យាចំនួន ៤៥២នាក់ ស្រី ២៧៨នាក់៕